(កំពង់ធំ)៖នាថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនៃការដ្ឋានសាងសង់ស្ពានអូរដូង និងទំនប់ក្រាយ ដែលស្ថិតក្នុងភូមិសាស្រ្តឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍គូសបញ្ជាក់ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ដែលកំពុងលេចចេញជារូបរាងនៅលើទឹកដីឃុំម្សាក្រងនាពេលនេះ គឺកើតចេញពីការយកចិត្តទុកដាក់ខ្ពស់ និងការសម្របសម្រួលផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្ដី ថោ ជេដ្ឋា ជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ការខិតខំប្រឹងប្រែងនេះ គឺដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងឃុំ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឈា ប៊ុនរិទ្ធ បានផ្តល់អនុសាសន៍ណែនាំ និងអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឃុំម្សាក្រង ឱ្យបង្កើនស្មារតីម្ចាស់ការ ដោយចូលរួមសហការគ្នាថែរក្សា ការពារ និងប្រើប្រាស់រាល់សមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្ស និងមានចីរភាពយូរអង្វែង ដើម្បីទុកជាប្រយោជន៍រួមសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ក្រោមការដឹកនាំ និងការខិតខំប្រឹងប្រែងអភិវឌ្ឍឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជា៕

