(ព្រៃវែង)៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងអភិបាលរងខេត្ត កងកម្លាំងទាំងបី និងមន្រ្តីពាក់ព័ន្ធ បាននាំយកស្បៀង សម្ភារប្រើប្រាស់គ្រឿងឧបភោគ បរិភោគ និងបរិក្ខារពេទ្យ-ថ្នាំពេទ្យ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ជូនដល់វីរកងទ័ពទិសខេត្តព្រះវិហារ និងជនភៀសសឹកចំនួន ១ពាន់គ្រួសារ និងវីរកងទ័ព និងជនភៀសសឹកនៅខេត្តឧត្តរមានជ័យចំនួនគ្រួសារ ១,ពាន់គ្រួសារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក៏ដូចជាជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ (ជនភៀសសឹក) ដែលរងផលប៉ះពាល់ពីស្ថានភាពផ្សេងៗ។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរបាននាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពយើង៕





