(កំពង់ធំ)៖នាថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីចុះសួរសុខទុក្ខវីរកងទ័ពជួរមុខកម្ពុជាដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ក្នុងឱកាសនោះ គណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់កងទ័ពជួរមុខកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដោយឥតរួញរា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន និងបានជូនពរឱ្យវីរកងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ ហើយមានសុខភាពល្អ កម្លាំងមាំមួន និងអាចវិលត្រលប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕

