លោក ផាង វី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រធាន និងអនុប្រធានក្រុមបក្សចំនួន ២ភូមិ ក្នុងមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ

 

(កំពង់ធំ)៖នាថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រធាន និងអនុប្រធានក្រុមបក្សចំនួនពីរភូមិ ក្នុងមូលដ្ឋានឃុំទ្រា គឺភូមិតាចរចំនួន៤៧នាក់ និងភូមិពពាយចំនួន ៥៥នាក់ ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារចំនួន២០នាក់ផងដែរ។

សូមជម្រាបថា កិច្ចសំណេះសំណាលនាពេលនេះគឺក្នុងគោលបំណងដើម្បីបង្កើនភាពសិទ្ធស្នាល បង្កើតប្រព័ន្ធទំនាក់ទំនងកាន់តែរហ័ស មានប្រសិទ្ធភាពរវាងក្រុមការងារចុះមូលដ្ឋានតាមភូមិនីមួយៗ និងសមាជិក សមាជិកាគណបក្សទាំងអស់តាមខ្នងផ្ទះ ព្រមទាំងទទួលយកនូវមតិយោបល់ និងសំណូមពរ ហើយធ្វើការដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនធំដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា លោក ផាង វី ក៏បានលើកឡើងពីសមិទ្ធផលថ្មីៗដែលសម្រេចបានដែលរួមមាន សំណង់អគារស្នាក់ការគណបក្សឃុំទ្រា ប្រព័ន្ធធារាសាស្ត្រ ការឧបត្ថម្ភដល់គ្រួសារទទួលមរណភាព ការឧបត្ថម្ភស្ត្រីកូនខ្ចី ការជួសជុលផ្លូវ ការជីកស្រះទឹករួម ។ល។ និងបានលើកទិសដៅផែនការអភិវឌ្ឍន៍ឃុំទ្រាឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។ លោកប្រធានក្រុមការងារក៏បានឧបត្ថម្ភថវិកាដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល និងក្មេងៗចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ពាន់រៀល។

នៅក្នុងថ្ងៃដដែល លោក ផាង វី និងក្រុមការងារ ក៏បានអញ្ជើញចូលរួមពិនិត្យវឌ្ឍនភាពការដ្ឋានជួសជុលផ្លូវ១ខ្សែ ស្ថិតក្នុងភូមិស្លា ដែលមានប្រវែង ១៥០០ម៉ែត្រផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *