(ភ្នំពេញ)៖ទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ លើកទិសដៅការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមាន ប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះគឺដេីម្បី ត្រួតពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននៅពេលកន្លងមក ព្រមទាំងលេីកទិសដៅ និងបញ្ហាប្រឈមមួយចំនួន សំណូមពរផ្សេងៗ ដេីម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ត្រី ហាស់ ម៉េងលុច ប្រធាននាយកដ្ឋាន បានធ្វេីសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ និងលើកទិសដៅការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល ជូនអង្គប្រជុំបានជ្រាប ។
ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានឯកភាពទៅលេីវឌ្ឍនភាព និងលទ្ធផលការងារដែលសម្រេចបាន និងបានកោតសរសើរ វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល ដែលបានបំពេញនូវតួនាទីភារកិច្ចនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសេីរជូនដល់អង្គភាព និងថ្នាក់ដឹកនាំ។ ចុងបញ្ចាប់នៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នេីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៅនាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថលបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតផងដែរ ។










