ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្រនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

 

(ក្រចេះ-ស្ទឹងត្រែង)៖នៅថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្រនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

សូមជម្រាបថា ក្នុងដំណើរចុះបេសសកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅទីតាំងមួយចំនួនរួមមាន៖ ប្រព័ន្ធធារាសាស្រ្តទំនប់បឹងរំលាច ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងប្រព័ន្ធធារាសាស្រ្តកោះសុក្រំ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ក្នុងភូមិសាស្ត្រខេត្តក្រចេះ ព្រមទាំងប្រព័ន្ធធារាសាស្រ្តស្រែក្រសាំង ស្ថិតនៅឃុំស្រែក្រសាំង ស្រុកសៀមបូក និងប្រព័ន្ធធារាសាស្រ្តអូរខ្លុង ស្ថិតនៅឃុំសាមឃួយ ស្រុកសេសាន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើរដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង និងបែងចែកទឹកប្រកបដោយសមធម៌ជូនដល់អ្នកប្រើប្រាស់ ក៏ដូចជាការអនុវត្តការងារថែទាំប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីរក្សាដំណើរការរបស់ប្រព័ន្ធឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំដល់មន្ទីរឱ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្របន្ថែមទៀត។

សូមបញ្ជាក់ថា ១)ប្រព័ន្ធធារាសាស្រ្តទំនប់បឹងរំលាច មានសមត្ថភាពស្តុកទឹកបានចំនួន ៥លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលចំនួន ៩០០ ហិកតា ២)ប្រព័ន្ធធារាសាស្រ្តកោះសុក្រំ មានសមត្ថភាពស្តុកទឹកបានចំនួន ៣លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលចំនួន ៦៥០ ហិកតា ៣)ប្រព័ន្ធធារាសាស្រ្តស្រែក្រសាំង មានសមត្ថភាពស្តុកទឹកបាន ២លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៥០០ ហិកតា និង ៤)ប្រព័ន្ធធារាសាស្រ្តអូរខ្លុង មានសមត្ថភាពស្តុកទឹកបាន ៣លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ៨០០ ហិកតា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *