ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងដំឡើងស្លាកគណបក្ស សំណេះសំណាលជាមួយសមាជិកបក្ស និងពិនិត្យគម្រោងប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ ក្នុងឃុំម្សាក្រង ស្រុកស្ទោង

 

(កំពង់ធំ)៖នាថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំម្សាក្រង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងដំឡើងស្លាកគណបក្សប្រជាជនកម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនសមាជិកបក្ស និងចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា ស្លាកគណបក្សប្រជាជនកម្ពុជាថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ហើយសមិទ្ធផលថ្មីនេះ បានលេចចេញជារូបរាងឡើង ក្រោមការសម្របសម្រួល យកចិត្តទុកដាក់ និងដឹកនាំការដំឡើងផ្ទាល់ដោយក្រុមការងារចុះជួយមូលដ្ឋានឃុំម្សាក្រង។ សកម្មភាពនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ ក្នុងការលើកកម្ពស់សោភ័ណភាព ក៏ដូចជាការផ្សព្វផ្សាយអត្តសញ្ញាណរបស់គណបក្ស ឱ្យកាន់តែស្ថិតនៅកៀកជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឃុំម្សាក្រង ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជាឱ្យបានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋ ត្រូវបន្តរួមគ្នាគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានជំរុញ និងណែនាំដល់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់ឱ្យបាននូវរាល់សុខទុក្ខ ក្ដីកង្វល់ សំណើ សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន សំដៅឈានទៅរកការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *