(កំពង់ធំ)៖នារសៀលថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅបន្ត ដើម្បីត្រៀមលក្ខណៈក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមប្រធានក្រុមការងារស្រុកស្ទោង ក្នុងការរួមរស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីដើរតាមបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។ ជាមួយគ្នានេះ លោកប្រធានបានសង្កត់ធ្ងន់លើកិច្ចការអាទិភាព រួមមានការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្ស និងការពង្រីកកម្លាំងថ្មី ដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ ព្រមទាំងបានទទួលយកនូវរាល់សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ យកទៅដោះស្រាយឱ្យបានទាន់ពេលវេលា។
ជាការឆ្លើយតប ក្រុមការងារចុះមូលដ្ឋានភូមិទាំង ១៦ ព្រមទាំងគណៈកម្មាធិការគណបក្សឃុំ-ភូមិ បានសម្តែងនូវការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបន្តបំពេញភារកិច្ច និងសកម្មភាពនយោបាយនៅមូលដ្ឋានជាប់ជាប្រចាំដូចភ្លៀងរលឹម។ ក្រុមការងារទាំងអស់បានសន្យាថានឹងបង្កើនការចុះជួប សាកសួរសុខទុក្ខ និងជួយដោះស្រាយទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ សំដៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឃុំទ្រា ជាមូលដ្ឋានគាំទ្រដ៏រឹងមាំ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ក្នុងស្មារតីម្ចាស់ការខ្ពស់ ដើម្បីឆ្ពោះទៅដណ្តើមជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខនេះ៕

