ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញប្រគល់អំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

 

(ព្រះវិហារ)៖នាព្រឹកថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលតំណាងដោយលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនដូចជា ទឹកបរិសុទ្ធចំនួន៣០០កេស ទឹកក្រូចចំនួន១០០កេស ភេសជ្ជៈចំនួន២០០កេស មីចំនួន១៥០កេស សម្ភារនិងគ្រឿងបរិភោគចំនួន១០០កាបូប ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់ចោរសៀម នៅតំបន់អានសេះ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

សូមជម្រាបថា អំណោយសប្បុរសធម៌ទាំងអស់នេះបង្ហាញពីកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំក្នុងស្មារតីរួម«ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន និងជាវប្បធម៌ចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរ សមរភូមិក្រោយជួយសមរភូមិមុខ ដើម្បីគាំទ្រដល់វីរកងទ័ពឈរជើងនៅសមរភូមិជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ដែលបានលះបង់គ្រប់បែបយ៉ាងដោយឥតរួញរា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន ក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជាផ្ទាល់របស់សម្តេចតេជោ អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *