ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ

 

(កំពង់ធំ)៖នាព្រឹកថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៥នេះ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានខេត្តកំពង់ធំ បានរួមសហការគ្នាយ៉ាងសកម្ម សស្រាក់សស្រាំ ដោយយកអស់នូវកម្លាំងកាយ ចិត្ត និងស្មារតី ព្រមទាំងថវិកា ចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាពិសេស គោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា ក្នុងបុព្វហេតុតែមួយ ដោយរួបរួមគ្នាជាកម្លាំងសរុប ដើម្បីបម្រើប្រជាជន និងដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ក្នុងការប្រែក្លាយខេត្តកំពង់ធំទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា យន្តការក្រុមការងារតាមវិស័យ ត្រូវបានបង្កើតឡើង មានដូចជា៖ ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន ក្រុមការងារចល័តអន្តរាគមន៍បន្ទាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារអភិវឌ្ឍន៍ទីផ្សារផលិតផលខ្មែរ ក្រុមមេធាវីប្រចាំខេត្ត និងក្រុង-ស្រុក និង ក្រុមការងារពង្រឹងចលនាគ្រូបង្រៀន និងគ្រូពេទ្យខេត្ត ជាដើម ដើម្បីជំរុញការអភិវឌ្ឍ ក៏ដូចជាជួយដោះស្រាយការលំបាក និងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនបានភ្លាមៗ ធានាបាននូវសមធម៌និងយុត្តិធម៌សង្គម ស្របតាមស្ថានភាពជាក់ស្ដែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *