(កំពង់ធំ)៖នៅរសៀលថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានឆ្លៀតឱកាសអញ្ជើញចុះពិនិត្យការងារសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងថ្មី ក្នុងមូលដ្ឋានខេត្តកំពង់ធំ។
សូមជម្រាបថា សំណង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងថ្មីបានចាប់ផ្តើមសាងសង់នៅលើផ្ទៃដីប្រមាណ ២ហិកតា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គឺដើម្បីជំនួសឱ្យអគារចាស់ដែលមានសភាពទ្រុឌទ្រោមមិនសមរម្យ។ សំណង់អគារថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការបំពេញភារកិច្ចរបស់មន្ត្រីគណបក្ស ការរៀបចំកិច្ចប្រជុំ និងការជួបជុំនានារបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាន។ លើសពីនេះ ក៏មានទីធ្លាហាត់កីឡាធំទូលាយ ព្រមទាំងសួនច្បារដ៏ស្រស់ស្អាតសម្រាប់បម្រើឱ្យឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងលើកកម្ពស់សុខភាពសាធារណៈផងដែរ៕

