(ខេត្តក្រចេះ)៖នាព្រឹកថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ក្នុងនាមតំណាងខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ដ្រីគម្រោងចុះពិនិត្យទីតាំងអនុគម្រោងស្វាយជ្រំ និងកន្ទួត ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាន៍ឱ្យដឹងថា ការអញ្ជើញចុះពិនិត្យនាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមពីស្ថានភាពបច្ចុប្បន្នរបស់អនុគម្រោង សម្រាប់រៀបចំផែនការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីធានាសន្តិសុខទឹកនៅក្នុងតំបន់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នក្រុមការងារកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា ដើម្បីធ្វើការសិក្សាគ្រោងប្លង់លម្អិត ហើយគ្រោងនឹងអនុវត្តការសាងសង់នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ ក្រោយបញ្ចប់ការងារសាងសង់ អនុគម្រោងនេះនឹងមានលទ្ធភាពបង្កើនសមត្ថភាពស្តុកទឹកបន្ថែមធានាបម្រើដល់ការស្រោចស្រពដំណាំកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងការការពារបរិស្ថាននៅក្នុងតំបន់។
សូមជម្រាបជូនថា ក្រសួងធនធានទឹក និងឧតុនិយម បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោកសម្រាប់កែលម្អសន្តិសុខទឹកនៅក្នុងប្រទេសកម្ពុជា ដែលត្រូវអនុវត្តក្នុងខេត្តចំនួន៤ គឺខេត្តក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តព្រះវិហារ ហើយមានរយៈពេលអនុវត្តចំនួន ៦ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០៕







