រដ្ឋលេខាធិការ ឯកឧត្តម ប៊ុន ហ៊ាន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ស្ដីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងទិសដៅអភិវឌ្ឍន៍ឆ្នាំ២០២៧-២០៣២ លើវិស័យធនធានទឹក និងឧតុនិយម

 

(ភ្នំពេញ)៖នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្ដីការក្រសួង ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២៧-២០៣២ លើវិស័យធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការប្រមូលធាតុចូលពីគ្រប់នាយកដ្ឋានជំនាញពាក់ព័ន្ធនឹងការងារស្នូល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីគាំទ្រដល់ការអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០២៧-២០៣២ ឱ្យមានប្រសិទ្ធភាព និងមានលទ្ធភាពអនុវត្តបានខ្ពស់។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ និងចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ឱ្យទទួលបានជោគជ័យធំធេង ក្នុងការធានាសន្តិសុខស្បៀង និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិគួរជាទីមោទនៈ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *