(កំពង់ស្ពឺ)៖នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ និងមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ខេត្តកំពង់ស្ពឺមានផ្ទៃដីស្រូវវស្សាអនុវត្តជាក់ស្តែង ១០៦ ៥៣០ ហិកតា លើផែនការ ១២០ ៥២៧ ហិកតា ក្នុងនោះផ្ទៃដី ៤៣ ២១១ ហិកតា បានរងផលប៉ះពាល់ដោយសារបាតុភូតអែលនីញ៉ូ ដែលធ្វើឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀង។ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសមន្ទីរបានអន្តរាគមន៍ដោយបង្វែរទឹកពីប្រឡាយមេរលាំងជ្រៃខាងជើងនិងខាងត្បូង និងបូមទឹកសង្គ្រោះស្រូវបាន ២ ២២០ ហិកតា លើផ្ទៃដីរងផលប៉ះពាល់សរុប ហើយស្ថានភាពរងផលប៉ះពាល់មួយផ្នែកធំក៏បានល្អប្រសើរឡើងវិញផងដែរ ដោយសារមានភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារបានចុះពិនិត្យសំណង់ស្ទាក់ទឹករលាំងជ្រៃ ប្រឡាយមេរលាំងជ្រៃខាងត្បូង ស្ថានីយបូមទឹកនិងប្រឡាយបេតុងគម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញ (CP-P14 & CP-P28) ហិរញ្ញប្បទានជប៉ុន ព្រមទាំងចុះពិនិត្យទីតាំងស្ថានីយបូមទឹក និងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន ឃុំតាំងក្រូច និងឃុំវល្ល័ស ស្រុកសំរោងទង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ១គ្រឿង។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ និងកោតសរសើរមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដែលបានសហការជាមួយអាជ្ញាធរដែនដីធ្វើកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានណែនាំឱ្យបន្តកិច្ចសហការតាមដានវឌ្ឍនភាពការងារបង្កបង្កើនផល ព្យាករអាកាសធាតុ យកចិត្តទុកដាក់គ្រប់គ្រង និងបែងចែកទឹកតាមបច្ចេកទេស ព្រមទាំងត្រៀមគ្រប់មធ្យោបាយសង្គ្រោះស្រូវឱ្យបានទាន់ពេលវេលា៕

