(ខេត្តកណ្តាល)៖នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ការពារច្រាំងទន្លេបាសាក់ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
យោងតាមរបាយការណ៍បច្ចេកទេស ទំហំការងារសរុបរបស់គម្រោងរួមមាន៖ ការងារប្រើប្រាស់ក្រណាត់បាវ Geotextile ច្រកខ្សាច់តម្រៀបតាមបណ្តោយច្រាំងទន្លេ ការងាររៀបប្រអប់ថ្ម (Gabion boxes) ទប់ដីតាមបណ្តោយច្រាំងទន្លេ ព្រមទាំងការងារសាងសង់បេតុងការពារជើងទេរច្រាំងទន្លេ និងសាងសង់ផ្លូវបេតុង។ បច្ចុប្បន្ន វឌ្ឍនភាពការងារសាងសង់ការពារច្រាំងទន្លេបាសាក់ប្រវែង ៥០០ម៉ែត្រ គឺសម្រេចបានលទ្ធផលប្រមាណ ១០០%។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមអគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាននាពេលនេះ ជាពិសេសក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដែលបានខិតខំអនុវត្តការងាររហូតសម្រេចបានតាមផែនការដែលបានគ្រោងទុក ស្របតាមលក្ខណៈបច្ចេកទេស និងបានពង្រឹងលើគុណភាពព្រមទាំងសោភ័ណភាព៕






